Samsung Electronics ប្រឈមការធ្វើកូដកម្មធំបំផុត ខណៈកម្មករជាង 45,000 នាក់គំរាមផ្អាកការងារ
អត្ថបទសរសេរដោយ Sok Tak • 6 views
🚨 Breaking News៖ ក្រុមហ៊ុន Samsung Electronics (ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង) និងសហជីពកម្មករ បានចាប់ផ្តើមចរចាបន្ទាន់នៅថ្ងៃចន្ទ ដើម្បីទប់ស្កាត់ការធ្វើកូដកម្មដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន ខណៈមានការព្រួយបារម្ភថា ការធ្វើកូដកម្មរបស់កម្មករជាង 45,000 នាក់ អាចប៉ះពាល់ដល់សេដ្ឋកិច្ចកូរ៉េខាងត្បូង និងខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាពិភពលោក។

ការចរចានេះកើតឡើងបន្ទាប់ពីកិច្ចពិភាក្សាជុំដំបូងស្តីពីប្រាក់ខែ និងប្រាក់រង្វាន់ បានបរាជ័យកាលពីសប្តាហ៍មុន។ តុលាការកូរ៉េខាងត្បូងក៏បានបញ្ជាឲ្យសហជីពធានាថា ការធ្វើកូដកម្មមិនត្រូវប៉ះពាល់ដល់ការផលិតបន្ទះឈីប និងប្រព័ន្ធសុវត្ថិភាពក្នុងរោងចក្រ។
បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការ ភាគហ៊ុន Samsung បានកើនឡើងជាង 6% ខណៈរដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងព្រួយបារម្ភថា វិបត្តិនេះអាចប៉ះពាល់ដល់ការនាំចេញ និងទីផ្សារហិរញ្ញវត្ថុជាតិ។
កម្មករជាង 45,000 នាក់ គ្រោងធ្វើកូដកម្មរយៈពេល 18 ថ្ងៃ ចាប់ពីថ្ងៃទី 21 ខែឧសភា ដែលអាចរំខានដល់ការផលិតបន្ទះឈីបសំខាន់ៗសម្រាប់ AI (Artificial Intelligence / បញ្ញាសិប្បនិម្មិត), ស្មាតហ្វូន និងមជ្ឈមណ្ឌលទិន្នន័យជុំវិញពិភពលោក។