Alisson លើកសរសើរឥទ្ធិពលលោក Carlo Ancelotti ថាបាននាំភាពស្ងប់ស្ងាត់ និងសាមគ្គីភាពមកកាន់ប្រេស៊ីល
អត្ថបទសរសេរដោយ Danny • 7 views
អ្នកចាំទីដៃស្អិតរបស់ក្រុមសេឡេសៅ (Selecao) និងក្លិបហង្សក្រហម Liverpool កីឡាករ Alisson Becker បានចេញមុខកោតសរសើរយ៉ាងខ្លាំងៗពីឥទ្ធិពល និងរបៀបដឹកនាំរបស់លោក Carlo Ancelotti ដោយបានបញ្ជាក់ថា គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបាននាំយកមកនូវភាពស្ងប់ស្ងាត់ ទំនុកចិត្ត និងសាមគ្គីភាពដ៏អស្ចារ្យត្រឡប់មកកាន់ក្រុមជម្រើសជាតិប្រេស៊ីល (Brazil) វិញ ក្រោយឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយ។
លោក Ancelotti បានចូលមកកាន់តំណែងជាគ្រូបង្វឹកផ្លូវការរបស់ប្រេស៊ីលកាលពីខែឧសភា ឆ្នាំ២០២៥ ហើយព្រឹត្តិការណ៍ FIFA World Cup 2026 នេះ នឹងក្លាយជាការដឹកនាំពានរង្វាន់ពិភពលោកលើកដំបូងបង្អស់ក្នុងអាជីពរបស់លោកជាមួយក្រុមសំបូរហ្វូតបាល់មួយនេះ។ លោក Alisson បានបង្ហើបថា មុនពេលលោក Ancelotti មកដល់ ក្រុមបានស្ថិតក្រោមសម្ពាធ និងភាពមិនច្បាស់លាស់ជាច្រើន ប៉ុន្តែដោយសារបទពិសោធន៍ ភាពដាក់ខ្លួន និងយុទ្ធសាស្ត្រទំនាក់ទំនងដ៏មានប្រសិទ្ធភាពរបស់លោក បានធ្វើឱ្យកីឡាករទាំងអស់មានកម្លាំងចិត្ត និងក្តីសង្ឃឹមឡើងវិញ។ ក្រៅពីនេះ Alisson ក៏បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរបុរសអ្នកចាំទី លោក Claudio Taffarel ដែលកំពុងដើរតួជាគ្រូបង្វឹកអ្នកចាំទីបច្ចុប្បន្ន ដោយចាត់ទុករូបលោកជាអាយដូល (Idol) ដ៏ធំធេងក្នុងការជួយឱ្យរូបគេរក្សាទម្រង់លេងលំដាប់កំពូលបានយូរអង្វែង។
នៅក្នុងយុទ្ធនាការ World Cup 2026 នេះ ក្រុមកងទ័ពលឿងខៀវប្រេស៊ីលដែលជាម្ចាស់ជើងឯកពិភពលោក ៥ សម័យកាល ត្រូវបានចាប់ឆ្នោតស្ថិតនៅក្នុងពូលជាមួយម៉ារ៉ុក (Morocco), ហៃទី (Haiti) និងស្កតឡែន (Scotland) ដោយពួកគេម្នាក់ៗកំពុងតែមានទំនុកចិត្តខ្ពស់ក្នុងការវិលត្រឡប់ទៅរកភាពរុងរឿង និងគ្រងរាជ្យលើកំពូលតារាងបាល់ទាត់ពិភពលោកម្តងទៀត។