Lamine Yamal និង Nico Williams ត្រឡប់មកហ្វឹកហាត់ពេញលេញវិញ មុនការបើកឆាក World Cup 2026
អត្ថបទសរសេរដោយ Danny • 6 views
ក្រុមកងទ័ពគោជល់អេស្ប៉ាញ (Spain) ទទួលបានកម្លាំងចិត្ត និងដំណឹងដ៏រីករាយបំផុតមួយ មុនពេលព្រឹត្តិការណ៍ FIFA World Cup 2026 ចាប់ផ្តើម បន្ទាប់ពីខ្សែប្រយុទ្ធស្លាបឆ្នើមទាំងពីររូបគឺ Lamine Yamal និង Nico Williams បានត្រឡប់មកចូលរួមការហ្វឹកហាត់យ៉ាងពេញលេញជាមួយមិត្តរួមក្រុមឡើងវិញហើយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នៅក្នុងជំរំហ្វឹកហាត់នាទីក្រុង Chattanooga រដ្ឋ Tennessee។
តារាឆ្នើមទាំងពីរដួងនេះ ធ្លាប់បានបង្កការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញបញ្ហារបួស ដោយពួកគេថែមទាំងត្រូវបានបង្ខំចិត្តឱ្យអវត្តមាន និងមិនបានធ្វើដំណើរទៅចូលរួមប្រកួតមិត្តភាពចុងក្រោយដែលអេស្ប៉ាញយកឈ្នះប៉េរូ (Peru) នោះទេ ដើម្បីស្នាក់នៅពង្រឹងកាយសម្បទាឡើងវិញ។ ការវិលត្រឡប់មកវិញទាន់ពេលវេលានេះ បានធ្វើឱ្យបរិយាកាសនៅក្នុងក្រុមទាំងមូល រួមទាំងអ្នកចាំទី Unai Simon ផងដែរ បង្ហាញការអបអរសាទរ និងមានភាពធូរស្រាលក្នុងចិត្តយ៉ាងខ្លាំង ជាពិសេសគឺលោកគ្រូបង្វឹក Luis de la Fuente ដែលតែងតែប្រាថ្នាចង់បានអាវុធមហាប្រល័យទាំងពីរនេះមកពង្រឹងតំបន់ប្រយុទ្ធឡើងវិញ។
ករណីពិសេសរបស់ Lamine Yamal ដែលបានខកខានការប្រកួតតាំងពីខែមេសា ដោយសាររបួសសាច់ដុំពោះវៀនជើង (Hamstring) និងធ្លាប់ធ្វើឱ្យក្លិបអាណាព្យាបាល Barcelona បារម្ភខ្លាចដាច់របួសចាស់នោះ ពេលនេះគេបានបង្ហាញសញ្ញាវិជ្ជមានទាំងស្រុង ទោះបីជាគ្រូបង្វឹកអាចនឹងគ្រប់គ្រងនាទីលេងរបស់គេដោយប្រុងប្រយ័ត្នក៏ដោយ។ តាមកម្មវិធីប្រកួត អេស្ប៉ាញនឹងត្រូវបើកឆាកយុទ្ធនាការក្នុងពូល Group H ទល់នឹងក្រុម Cape Verde នៅថ្ងៃទី ១៥ ខែមិថុនា ខាងមុខ នៅក្នុងទីក្រុង Atlanta មុនពេលត្រូវបន្តទៅជួប អារ៉ាប៊ីសាអូឌីត (Saudi Arabia) និងអ៊ុយរ៉ូហ្គាយ (Uruguay)។