Cristiano Ronaldo ស៊ុតគ្រាប់ទី 100 នៅ Saudi Pro League ខណៈ Joao Felix រកបាន Hat-trick ជួយ Al-Nassr ខិតជិតពានជើងឯក
អត្ថបទសរសេរដោយ Danny • 16 views
Cristiano Ronaldo បានបន្តបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងអាជីពដ៏អស្ចារ្យរបស់គេ ដោយស៊ុតគ្រាប់ទី 100 នៅ Saudi Pro League ក្នុងជ័យជម្នះ 4-2 របស់ Al-Nassr លើ Al Shabab។ ខណៈដែរ Joao Felix ក៏បានបង្ហាញទម្រង់លេងដ៏អស្ចារ្យ ដោយរកបាន Hat-trick ជួយក្រុមនាំមុខដាច់ 5 ពិន្ទុនៅកំពូលតារាង។
ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះបានរកគ្រាប់បាល់ដ៏សំខាន់នៅនាទី 75 ដោយបញ្ចប់បាល់ពីការបញ្ជូនរបស់ Sadio Mane ជាមួយការស៊ុតជើងឆ្វេងយ៉ាងត្រជាក់ចិត្ត ធ្វើឱ្យ Al-Nassr នាំមុខ 3-1 ហើយក៏ជាគ្រាប់ទី 100 របស់គេនៅលីគអារ៉ាប៊ីសាអូឌីតផងដែរ។
ការឈានដល់ 100 គ្រាប់ក្នុងរយៈពេលមិនដល់ 4 រដូវកាល បង្ហាញថា Ronaldo នៅតែរក្សាបានសមត្ថភាពរកគ្រាប់បាល់ដ៏អស្ចារ្យ ទោះបីមានអាយុ 41 ឆ្នាំក៏ដោយ។ គ្រាប់បាល់នេះក៏ជាគ្រាប់ទី 26 របស់គេក្នុងរដូវកាលបច្ចុប្បន្នផងដែរ។
ទោះ Ronaldo ជាតួឯកសំខាន់ក្នុងការប្រកួតនេះ ក៏ Joao Felix គឺជាកីឡាករដែលគ្រប់គ្រងការប្រកួតតាំងពីដើម។ អតីតកីឡាករ Chelsea និង Atletico Madrid រូបនេះរកគ្រាប់បើកឆាកតាំងពីនាទីទី 3 មុនបន្ថែមគ្រាប់ទីពីរនៅនាទី 10។
នៅម៉ោងបន្ថែម Felix បានបំពេញ Hat-trick របស់គេជាមួយបាល់ពិន័យ 11 ម៉ែត្រ នៅនាទី 98 បញ្ចប់ការប្រកួតដោយលទ្ធផល 4-2។ គេក៏បានបញ្ជូនបាល់វែងដ៏សំខាន់ទៅ Mane ដែលនាំឱ្យកើតគ្រាប់ប្រវត្តិសាស្ត្ររបស់ Cristiano Ronaldo ផងដែរ។
