Real Madrid ត្រៀមកញ្ចប់ថវិកាធំ ១៥០ លានអឺរ៉ូ ដើម្បីនាំយក Vitinha ពី PSG
អត្ថបទសរសេរដោយ Danny • 4 views
លោក Florentino Perez ប្រធានក្លិប Real Madrid កំពុងរៀបចំផែនការផ្ទេរដ៏កក្រើកមួយ ដោយបានដាក់ Vitinha ខ្សែបម្រើឆ្នើមរបស់ក្រុម PSG ជាគោលដៅអាទិភាពលេខមួយ ដោយត្រៀមវិនិយោគទឹកប្រាក់រហូតដល់ ១៥០ លានអឺរ៉ូ។ ការប៉ុនប៉ងនាំយកតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីគម្រោងដ៏ធំសម្បើមទៅកាន់សមាជិកក្លិប មុនពេលការបោះឆ្នោតជ្រើសរើសប្រធានក្លិបថ្មីមកដល់នៅថ្ងៃអាទិត្យខាងមុខ។
យោងតាមប្រភពពី Cadena SER បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ លោក Perez បានបង្ហើបពីគម្រោងប្រកាសទិញតារាឆ្នើមតម្លៃ ១៥០ លានអឺរ៉ូម្នាក់ ដែលមិនមែនជា Harry Kane, Erling Haaland ឬ Michael Olise ឡើយ។ អ្នកសារព័ត៌មានអេស្ប៉ាញលោក Pacojo Delgado បានអះអាងថា កីឡាកររូបនោះគឺ Vitinha ហើយការប្រកាសនេះនឹងក្លាយជា «ការវាយប្រហារចុងក្រោយ» ដើម្បីធានាជ័យជម្នះក្នុងការបោះឆ្នោតភ្លាមៗ។ ផែនការតាមប្រមាញ់វ័យក្មេងរូបនេះ ក៏ត្រូវបានគេជឿថាជាផ្នែកមួយនៃការរៀបចំតំបន់បម្រើថ្មី ក្រោមការដឹកនាំរបស់លោក Jose Mourinho ដែលត្រៀមក្លាយជាគ្រូបង្វឹកថ្មីផងដែរ ដោយមានលោក Jorge Mendes ជាភ្នាក់ងារដ៏មានឥទ្ធិពលក្នុងការជួយសម្របសម្រួល។
ទោះបីជា PSG មិនចង់បាត់បង់កីឡាករសំខាន់ដែលនៅសល់កុងត្រា ៣ ឆ្នាំរូបនេះក្តី ប៉ុន្តែ Real Madrid នៅតែបន្តជំរុញការចរចា។ ក្រៅពីខ្សែបម្រើរូបនេះ ក្លិបអធិរាជសក៏កំពុងធ្វើការលើការនាំយកខ្សែការពារ Ibrahima Konate មកដោយគ្មានតម្លៃខ្លួន (Free Transfer) រួមទាំង Denzel Dumfries ក្នុងតម្លៃផ្តាច់កុងត្រា ២០ លានអឺរ៉ូ ផងដែរ ដើម្បីកសាងយុគសម័យថ្មីនៅទឹកដី Santiago Bernabeu។