ក្រុមសិទ្ធិមនុស្ស The Sports & Rights Alliance បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពអ្នកចូលរួម និងអ្នកកាសែតមុន FIFA World Cup 2026
អត្ថបទសរសេរដោយ Danny • 7 views
សម្ព័ន្ធក្រុមសិទ្ធិមនុស្ស (The Sports & Rights Alliance) បានចេញមុខបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ជុំវិញកត្តាសុវត្ថិភាពរបស់ក្រុមអ្នកកាសែត និងអ្នកគាំទ្រដែលត្រូវចូលរួមទស្សនាការប្រកួតព្រឹត្តិការណ៍ FIFA World Cup 2026 នៅលើទឹកដីសហរដ្ឋអាមេរិក។ ក្រុមសិទ្ធិមនុស្សក៏បានចោទប្រកាន់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ថាបានបណ្តោយឱ្យមានបរិយាកាសដ៏គួរឱ្យភ័យខ្លាច និងប្រកបដោយគ្រោះថ្នាក់ ស្របពេលដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump មានវិធានការបង្ក្រាបយ៉ាងចាស់ដៃទៅលើជនអន្តោប្រវេសន៍។
អ្នកស្រី Andrea Florence នាយកប្រតិបត្តិសម្ព័ន្ធក្រុមសិទ្ធិមនុស្ស បានលើកឡើងថា FIFA មានប្រតិកម្មខ្សោយខ្លាំង និងពុំដែលចូលរួមដោះស្រាយឱ្យបានគ្រប់គ្រាន់ឡើយ ចំពោះការគំរាមកំហែងលើបញ្ហាសិទ្ធិមនុស្ស ដែលនឹងចាប់ផ្តើមក្នុងពេល ១ សប្តាហ៍ខាងមុខនេះ។ ក្តីបារម្ភចម្បងៗរួមមាន ការរឹតបន្តឹងការផ្តល់ទិដ្ឋាការ (Visa) ធ្វើដំណើរចូលទឹកដីអាមេរិក ការរឹតបន្តឹងការឆ្លងដែន និងការអនុវត្តច្បាប់ដ៏តឹងរ៉ឹងផ្សេងៗ។ ជាក់ស្តែង ក្រុមជម្រើសជាតិអ៊ីរ៉ង់ ពុំត្រូវបានផ្តល់ទិដ្ឋាការធ្វើដំណើរចូលអាមេរិកទាន់ពេលវេលានៅឡើយទេ រហូតបង្ខំចិត្តផ្លាស់ប្តូរទីតាំងស្នាក់នៅ និងទៅហ្វឹកហាត់នៅប្រទេសម៉ិកស៊ិកជំនួសវិញ។ លើសពីនេះ ថែមទាំងមានការបារម្ភថា ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់អាមេរិក អាចនឹងបញ្ជ្រៀបខ្លួនយ៉ាងសម្ងាត់ក្នុងចំណោមហ្វូងអ្នកគាំទ្រថែមទៀតផង។
ទោះបីជាខាងសេតវិមានបានចាត់ទុកព្រឹត្តិការណ៍ World Cup 2026 នេះថាជាមហាព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ និងលោក Gianni Infantino ប្រធាន FIFA បានសន្យាពីការស្វាគមន៍យ៉ាងកក់ក្តៅក្តី ប៉ុន្តែក្រុមសិទ្ធិមនុស្សនៅតែយល់ឃើញថា គោលនយោបាយបំពានលើជនអន្តោប្រវេសន៍របស់លោក Trump បានធ្វើឱ្យមានរូបភាពខ្មៅងងឹតគ្របដណ្តប់លើការប្រកួតដែលមាន ៤៨ ក្រុមចូលរួមជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនេះរួចទៅហើយ។