lorentino Perez ទម្លាយផែនការធំ! ក្រោយបដិសេធរឿង Haaland និងបញ្ជាក់ការមកដល់របស់កីឡាករ ៣ រូប
អត្ថបទសរសេរដោយ Danny • 6 views
លោក Florentino Perez ប្រធានក្លិប Real Madrid បានចេញមុខច្រានចោលទាំងស្រុងនូវពាក្យចចាមអារ៉ាមដែលភ្ជាប់ក្លិបជាមួយខ្សែប្រយុទ្ធ Erling Haaland និង Harry Kane ព្រមទាំងបានបង្ហើបជាសាធារណៈថា ក្លិបនឹងប្រកាសចុះហត្ថលេខាយកកីឡាករលំដាប់កំពូលម្នាក់ដែលមានតម្លៃរហូតដល់ ១៥០ លានអឺរ៉ូ នៅសប្តាហ៍ក្រោយនេះ។
ថ្លែងនៅក្នុងកម្មវិធីទូរទស្សន៍ Horizonte លោក Perez បានបញ្ជាក់យ៉ាងច្បាស់ថា ទាំង Haaland, Kane រួមទាំង Michael Olise និង Jeremy Doku មិនមែនជាគោលដៅដែលលោកកំពុងគិតគូរនោះឡើយ ប៉ុន្តែលោកបានបង្ហើបថា កីឡាករអាថ៌កំបាំងរូបនោះលេងនៅតំបន់ចាប់ពីខ្សែបម្រើឡើងទៅ។ លោកបានបន្ថែមថា នៅថ្ងៃអង្គារខាងមុខ លោកនឹងដាក់សំណើជាផ្លូវការទៅកាន់ក្លិបកំពូលមួយនៅ Champions League ក្នុងតម្លៃយ៉ាងហោចណាស់ ១៥០ លានអឺរ៉ូ ដែលនឹងក្លាយជាតម្លៃផ្ទេរខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់អធិរាជស។ ជាមួយគ្នានេះ លោក Perez ក៏បានប្រកាសក្តែងៗពីការទទួលបានហត្ថលេខារបស់បុគ្គលសំខាន់ ៣ រូបរួចរាល់ហើយ រួមមានគ្រូបង្វឹកលោក Jose Mourinho, ខ្សែការពារ Ibrahima Konate និងខ្សែការពារស្លាប Denzel Dumfries។
ក្រៅពីការបង្ហាញគម្រោងផ្ទេរដ៏ធំនេះ លោក Perez ក៏បានវាយប្រហារចំៗទៅលើគូប្រជែងរបស់លោកគឺលោក Enrique Riquelme ដោយបានរិះគន់ថា ការសន្យានាំយក Haaland មកកាន់ Santiago Bernabeu គ្រាន់តែជាការឃោសនាបោកបញ្ឆោត និងជាការសន្យាដែលគ្មានមូលដ្ឋានច្បាស់លាស់ ព្រោះទាំងឪពុក ភ្នាក់ងារ និងក្លិបរបស់កីឡាករ សុទ្ធតែបានបដិសេធរួចរាល់អស់ទៅហើយ។