Barcelona ឆក់យក Anthony Gordon ពីគូប្រជែង ខណៈ Arsenal និង Liverpool ខកខានឱកាស
អត្ថបទសរសេរដោយ Danny • 2 views
ក្លិបអ្នកមានបុណ្យ Barcelona បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើទីផ្សារដោះដូរកីឡាករ បន្ទាប់ពីបានសម្រេចកិច្ចព្រមព្រៀងចុះហត្ថលេខានាំយកខ្សែប្រយុទ្ធស្លាបសញ្ជាតិអង់គ្លេស Anthony Gordon ពីក្រុមសារិកាព្រៃ Newcastle United ក្នុងតម្លៃខ្លួនរហូតដល់ទៅ ៨០ លានអឺរ៉ូ។
ការសម្រេចចិត្តដ៏ធំរបស់ Barcelona ក្នុងការជ្រើសរើសយកកីឡាករវ័យ ២៥ ឆ្នាំរូបនេះ បានធ្វើឱ្យមនុស្សជាច្រើនមានការងឿងឆ្ងល់ ព្រោះកាលពីរដូវកាលមុន ខ្សែប្រយុទ្ធ Marcus Rashford ធ្លាប់បានមកលេងក្នុងកិច្ចសន្យាខ្ចីជើងនៅទីនេះ និងធ្វើបានយ៉ាងល្អដោយស៊ុតបញ្ចូលទីបាន ១៤ គ្រាប់ ហើយក្លិបក៏មានលក្ខខណ្ឌទិញផ្តាច់ក្នុងតម្លៃត្រឹមតែ ២៦ លានផោនផងដែរ។ យ៉ាងណាមិញ ថ្នាក់ដឹកនាំរបស់ក្លិបកាតាឡាន់បានសម្រេចចិត្តបោះទុនធំលើ Gordon វិញ ព្រោះពួកគេមើលឃើញពីល្បឿនដ៏លឿន ការញាក់បាល់បុកចូលចំគោលដៅ និងភាពបត់បែនដែលអាចលេងបានទាំងតំបន់ស្លាបឆ្វេង និងខ្សែប្រយុទ្ធកណ្តាល (លេខ ៩) ដើម្បីជំនួសតំណែងរយៈពេលវែងរបស់លោក Robert Lewandowski។
មុនពេលផ្ទេរមកកាន់ទឹកដី Camp Nou លោក Anthony Gordon ធ្លាប់ជាគោលដៅតាមប្រមាញ់របស់ក្លិបយក្សអង់គ្លេស Liverpool និង Arsenal ផងដែរ។ ប៉ុន្តែបើតាមការបកស្រាយរបស់អតីតតារាឆ្នើម Newcastle លោក Chris Waddle បានឱ្យដឹងថា ក្លិបទាំងពីរមិនបានដាក់សំណើជាផ្លូវការ និងដេញថ្លៃខ្លាំងនោះទេ ដោយសារតែបញ្ហាតម្លៃខ្លួនខ្ពស់ពេក ដោយភាគីខាងក្រុមកាំភ្លើងធំ Arsenal ហាក់ចង់ស្វែងរកជម្រើសផ្សេងដែលមានតម្លៃធូរថ្លៃជាងនេះ។ ការផ្ទេរនេះបានធ្វើឱ្យអ្នកគាំទ្រ Barcelona មានការរំភើបយ៉ាងខ្លាំង ចំពោះការត្រៀមរៀបចំយុទ្ធសាស្ត្រប្រើប្រាស់ស្លាបសាហាវពីរទិស គឺ Anthony Gordon នៅស្លាបម្ខាង និងយុវជនអច្ឆរិយៈ Lamine Yamal នៅស្លាបម្ខាងទៀត ដើម្បីត្រៀមប្រជែងពានរង្វាន់ធំៗនារដូវកាលថ្មី។