រញ្ជួយដីនៅគុយបា រង្គើដល់ជំរំហ្វឹកហាត់ក្រុមអង់គ្លេសនៅរដ្ឋ Florida ប៉ុន្តែតោកំណាចមិនរារែក គោលដៅប្រកួតមិត្តភាពទល់នឹងកូស្តារីកា
អត្ថបទសរសេរដោយ Danny • 7 views
ជំរំហ្វឹកហាត់របស់ក្រុមជម្រើសជាតិតោខំណាចអង់គ្លេស (England) នៅក្នុងទីក្រុង Orlando រដ្ឋ Florida បានជួបប្រទះការរំខានបន្តិចបន្តួច បន្ទាប់ពីរលករញ្ជួយដីកម្រិត ៦.១ រ៉ិចទ័រ ដែលបានកើតឡើងនៅភាគខាងលិចប្រទេសគុយបា កាលពីល្ងាចថ្ងៃទី៨ ខែមិថុនា បានជះឥទ្ធិពលរាលដាលមកដល់ផ្នែកខ្លះនៃរដ្ឋភាគខាងត្បូងសហរដ្ឋអាម៉េរិកមួយនេះ។
ទោះបីជាទីតាំងហ្វឹកហាត់របស់ក្រុមអង់គ្លេសស្ថិតនៅចម្ងាយរហូតដល់ ២៤១ គីឡូម៉ែត្រពីចំណុចកណ្តាលនៃគ្រោះរញ្ជួយដីក៏ដោយ ប៉ុន្តែអគារ និងរចនាសម្ព័ន្ធមួយចំនួននៅក្នុងទីក្រុង Orlando បានរង្គើញ័រតិចតួច ដែលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ អ្នកទេសចរ រួមទាំងសមាជិកក្រុមអង់គ្លេសទាំងមូលផងដែរ។ យ៉ាងណាមិញ សហព័ន្ធបាល់ទាត់បានបញ្ជាក់ថា គ្មានក្រុមកីឡាករ ឬបុគ្គលិកណាម្នាក់រងរបួស ឬប៉ះពាល់ស្មារតីនោះឡើយ។ បរិយាកាសនៅក្នុងជំរំហ្វឹកហាត់នៅតែរក្សាភាពស្ងប់ស្ងាត់ វិជ្ជមាន និងបន្តទៅតាមផែនការដើមទាំងស្រុង ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមការងារការពារ និងគ្រូបង្វឹក។
តាមកម្មវិធីដែលបានគ្រោងទុក ក្រុមតោកំណាចអង់គ្លេសត្រូវប្រកួតមិត្តភាពកម្តៅសាច់ដុំចុងក្រោយបង្អស់ទល់នឹងក្រុមកូស្តារីកា (Costa Rica) នៅក្នុងទីក្រុង Orlando នេះតែម្តង នៅថ្ងៃទី១០ ខែមិថុនា (ថ្ងៃនេះ) មុនពេលហោះហើរទៅបើកឆាកយុទ្ធនាការផ្លូវការក្នុងពូល Group L នៃព្រឹត្តិការណ៍ FIFA World Cup 2026 ទល់នឹងក្រុមក្រូអាត (Croatia) នាថ្ងៃទី១៧ ខែមិថុនា ខាងមុខ មុននឹងត្រូវបន្តជួបហ្គាណា (Ghana) និងប៉ាណាម៉ា (Panama)។