Arsenal ក្លាយជាជើងឯក Premier League ជាផ្លូវការ បញ្ចប់ការរង់ចាំរយៈពេល ២២ ឆ្នាំ បន្ទាប់ពី Manchester City ស្មើជាមួយ Bournemouth
អត្ថបទសរសេរដោយ Danny • 3 views
ក្លិប Arsenal បានក្លាយជាជើងឯក Premier League រដូវកាលនេះជាផ្លូវការ បន្ទាប់ពី Manchester City បានត្រឹមស្មើជាមួយ Bournemouth ដែលធ្វើឲ្យក្រុមរបស់លោក Mikel Arteta មានគម្លាត ៤ ពិន្ទុដាច់ និងនៅសល់តែ ១ ប្រកួតប៉ុណ្ណោះ។
នេះគឺជាជោគជ័យដ៏ធំមួយសម្រាប់ Arsenal ដែលបានបញ្ចប់ការរង់ចាំអស់រយៈពេល ២២ ឆ្នាំ ក្នុងការលើកពានលីគកំពូលអង់គ្លេសសារជាថ្មី។
ដំណើររបស់ Arsenal ឆ្ពោះទៅរកជើងឯករដូវកាលនេះ ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងលើការរៀបចំតាក់ទិកដ៏រឹងមាំ និងសមត្ថភាពអស្ចារ្យនៅលើបាល់ Set-piece។ ក្រុមរហស្សនាម “កាំភ្លើងធំ” បានបំបែកកំណត់ត្រាដោយរកបានគ្រាប់បាល់ទី ១៨ ពីការលេង Corner នៅក្នុង Premier League រដូវកាលនេះ។
ការប្រកួតទល់នឹង Burnley គឺជាឧទាហរណ៍ដ៏ល្អបំផុត ខណៈ Bukayo Saka បញ្ជូនបាល់ Corner យ៉ាងល្អឥតខ្ចោះឲ្យ Kai Havertz លោតតែតបញ្ចូលទី ធ្វើឲ្យ Arsenal ឈ្នះ ១-០ នៅកីឡដ្ឋាន Emirates Stadium។
ជ័យជម្នះនេះ បានបញ្ចប់ការរង់ចាំដ៏ឈឺចាប់របស់អ្នកគាំទ្រ Arsenal ចាប់តាំងពីរដូវកាល ២០០៣-០៤ ដែលជាពេលចុងក្រោយពួកគេលើកពាន Premier League ក្រោមការដឹកនាំរបស់លោក Arsene Wenger និងក្រុមដ៏ល្បី “Invincibles” ដែលមិនស្គាល់ពាក្យថាចាញ់ពេញមួយរដូវកាល។
អស់រយៈពេលជាច្រើនឆ្នាំ អ្នកគាំទ្រ Arsenal បានរស់នៅជាមួយការខកចិត្ត និងការខកខានជាច្រើន ប៉ុន្តែការដឹកនាំរបស់ Mikel Arteta ទីបំផុតបាននាំក្រុមត្រឡប់ទៅកាន់កំពូលវិញ។
មុននេះ Arsenal ធ្លាប់ប្រជែងពានយ៉ាងខ្លាំងក្នុងរយៈពេល ៣ រដូវកាលចុងក្រោយ ប៉ុន្តែតែងតែបរាជ័យក្រោមសម្ពាធរបស់ Manchester City និង Liverpool។
ការដែលអាចឈ្នះពានមុនការប្រកួតចុងក្រោយ បានធ្វើឲ្យ Arsenal ជៀសផុតពីសម្ពាធថ្ងៃបិទរដូវកាល។ ក្រោយ Manchester City ភ្លាត់ស្នៀតទល់នឹង Bournemouth ពួកគេមានត្រឹម ៧៨ ពិន្ទុ ខណៈ Arsenal មាន ៨២ ពិន្ទុ ដែលគ្រប់គ្រាន់ក្នុងការបិទការប្រជែងជើងឯកជាផ្លូវការ។
ឥឡូវនេះ ការប្រកួតចុងក្រោយទល់នឹង Crystal Palace នឹងក្លាយជាការប្រារព្ធអបអរសាទរដ៏ធំមួយសម្រាប់ជើងឯកថ្មីនៃ Premier League។