Cristiano Ronaldo ចង់ឈ្នះ World Cup 2026 ព្រោះតែបំណងប្រាថ្នាផ្ទាល់ខ្លួនដ៏ធំបំផុត មិនមែនដើម្បីតាមស្មើ Messi ទេ!
អត្ថបទសរសេរដោយ Danny • 4 views
Cristiano Ronaldo មិនមានបំណងចង់ឈ្នះពានរង្វាន់ FIFA World Cup 2026 ដើម្បីតាមស្មើ ឬប្រកួតប្រជែងជាមួយ Lionel Messi នោះទេ ប៉ុន្តែដោយសារតែបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់គាត់ ក្នុងការសម្រេចគោលដៅដ៏ធំបំផុតមួយដែលនៅសេសសល់ក្នុងអាជីពបាល់ទាត់ដ៏អស្ចារ្យរបស់ខ្លួន។
យោងតាមការបញ្ជាក់របស់អតីតមិត្តរួមក្រុម Manchester United លោក Eric Djemba-Djemba បានប្រាប់សារព័ត៌មាន GOAL ថា ការជំរុញចិត្តរបស់ Ronaldo តែងតែកើតចេញពីខ្លួនគាត់ផ្ទាល់ មិនមែនដោយសារតែភាពជាគូប្រជែងជាមួយ Messi នោះឡើយ។ ព្រឹត្តិការណ៍ World Cup 2026 នៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក នឹងក្លាយជាការចូលរួម World Cup លើកទី ៦ ក្នុងអាជីពរបស់ទាំង Cristiano Ronaldo និង Lionel Messi ដែលធ្វើឱ្យពួកគេក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រដែលសម្រេចបានសមិទ្ធផលនេះ។ ខណៈដែល Messi បានសម្រេចក្តីស្រមៃរួចហើយជាមួយអាហ្សង់ទីនកាលពីឆ្នាំ ២០២២ Ronaldo នៅតែខ្វះពានដ៏មានតម្លៃបំផុតមួយនេះនៅក្នុងបញ្ជីសមិទ្ធផលរបស់គាត់។
បច្ចុប្បន្ន ខ្សែប្រយុទ្ធវ័យ ៤១ ឆ្នាំរូបនេះ ទើបតែជួយក្លិប Al-Nassr ឈ្នះជើងឯក Saudi Pro League ក្នុងឆ្នាំ ២០២៦ នេះ ហើយក៏មានគោលដៅធំមួយទៀត គឺការស៊ុតឱ្យបាន ១,០០0 គ្រាប់ក្នុងអាជីពមុនពេលចូលនិវត្តន៍។ លោក Djemba-Djemba បានរំលឹកកាលហ្វឹកហាត់ជាមួយគ្នានៅ Old Trafford ថា Ronaldo តែងតែខឹងខ្លាំងនៅពេលខកខានឱកាសស៊ុតបញ្ចូលទី ដែលនេះសញ្ជាក់ថាគេប្រកួតប្រជែងជាមួយខ្លួនឯងជាមុនសិន។ ទោះបីជាអ្នកទាំងពីរបានប្រជែងគ្នាអស់រយៈពេលជិត ២០ ឆ្នាំ និងឈ្នះពាន Ballon d'Or រួមគ្នាដល់ទៅ ១៣ លើកក្តី ប៉ុន្តែវាជាការជំរុញគ្នាទៅវិញទៅមកក្នុងផ្លូវវិជ្ជមាន។ នៅក្នុងព្រឹត្តិការណ៍ខាងមុខ ក្រុមជម្រើសជាតិ Argentina នឹងត្រូវបើកឆាកទល់នឹង Algeria នៅថ្ងៃទី ១៦ ខែមិថុនា ខណៈ Portugal របស់ Ronaldo នឹងត្រូវជួប DR Congo នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៦។