ទោះមានការប្រកួតប្រជែងនៅក្លិបក៏ដោយ Ivan Perišić និង Luka Modrić នៅតែរួមគ្នាជាគ្រួសារមួយក្នុងក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត
អត្ថបទសរសេរដោយ Danny • 7 views
ក្រុមជម្រើសជាតិ ក្រូអាត កំពុងត្រៀមខ្លួនសម្រាប់ឱកាសដ៏ពិសេសមួយទៀតនៅ FIFA World Cup 2026 ខណៈ Ivan Perisic បង្ហាញថា កីឡាករទាំងអស់រស់នៅដូចជា “គ្រួសារធំមួយ” នៅពេលតំណាងឱ្យប្រទេសជាតិ។ ទោះបីមកពីក្លិបផ្សេងៗគ្នា និងមានការប្រកួតប្រជែងគ្នាក្នុងរដូវកាលក៏ដោយ ពេលជួបជុំគ្នាក្នុងក្រុមជម្រើសជាតិ ក្រូអាតតែងបង្ហាញភាពរួបរួម និងស្មារតីប្រយុទ្ធដ៏អស្ចារ្យ។
ប្រទេសដែលមានប្រជាជនតិចជាង ៤ លាននាក់មួយនេះ បានក្លាយជាក្រុមដ៏គួរឱ្យខ្លាចនៅលើឆាក World Cup អស់ជាច្រើនឆ្នាំមកហើយ។ ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងនៅឆ្នាំ ១៩៩៨ ក្រូអាតធ្លាប់ឈ្នះចំណាត់ថ្នាក់លេខ ៣ ពីរលើក និងឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup 2018 ផងដែរ។
Luka Modric ដែលបច្ចុប្បន្នកំពុងលេងឱ្យ AC Milan នឹងត្រៀមបង្ហាញខ្លួននៅ World Cup 2026 ក្នុងវ័យ ៤០ ឆ្នាំ ខណៈ Perisic ក៏នៅតែជាកម្លាំងសំខាន់ម្នាក់ បន្ទាប់ពីបន្តបង្ហាញទម្រង់លេងល្អជាមួយ PSV។ កីឡាករទាំងពីរ ស្ថិតក្នុងចំណោមកីឡាករដែលបង្ហាញខ្លួនឱ្យក្រូអាតលើស ១០០ ប្រកួត។
Perisic បានប្រាប់ GOAL ថា៖ “យើងរស់នៅដូចជាគ្រួសារធំមួយ ហើយការបានត្រឡប់មកជួបជុំគ្នានៅការប្រកួតធំៗបែបនេះ គឺជាអារម្មណ៍ដ៏ពិសេសខ្លាំងណាស់។”
ក្រៅពីបាល់ទាត់ ក្រុមក្រូអាតក៏កំពុងទាក់ទាញការចាប់អារម្មណ៍ផ្នែកម៉ូដផងដែរ ដោយម៉ាក MACKAGE បានបង្កើត collection ពិសេសសម្រាប់ World Cup 2026 ដែលទទួលបានការបំផុសគំនិតពីឈុត checkered ដ៏ល្បីរបស់ក្រូអាត។ Perisic បានបញ្ជាក់ថា Collection នេះ ធ្វើឱ្យគាត់មានអារម្មណ៍ដូចជាផ្ទះ និងបង្ហាញអត្តសញ្ញាណក្រូអាតយ៉ាងល្អឥតខ្ចោះ។
ជាមួយបទពិសោធន៍ដ៏ច្រើន ស្មារតីរួបរួម និងកីឡាករជំនាន់មាស ក្រូអាតកំពុងសង្ឃឹមថា អាចបង្កើតភាពភ្ញាក់ផ្អើលម្តងទៀតនៅ World Cup 2026 នៅទឹកដីអាមេរិកខាងជើង។