Liverpool បណ្តេញលោក Arne Slot ចេញពីតំណែង ខណៈលោក Andoni Iraola មានឱកាសខ្ពស់ក្នុងការមកជំនួស
អត្ថបទសរសេរដោយ Danny • 3 views
ក្រុម Liverpool ដែលបានបរាជ័យក្នុងការការពារតំណែងជើងឯក Premier League និងពានរង្វាន់ផ្សេងៗទៀតនៅក្នុងរដូវកាលនេះ បានសម្រេចចិត្តបណ្តេញលោក Arne Slot ដែលជាអ្នកចាត់ការទូទៅចេញពីតំណែងហើយ ព្រមទាំងបានប្រកាសថាកំពុងសម្លឹងមើលទិសដៅរៀបចំក្រុមឡើងវិញជាថ្មី សម្រាប់រដូវកាលខាងមុខ។
Liverpool បានបញ្ចប់រដូវកាល ២០២៥-២០២៦ ក្នុងចំណាត់ថ្នាក់លេខ ៥ នៅក្នុងតារាងលីគកំពូលអង់គ្លេស ដោយរកបានត្រឹមតែ ៦០ពិន្ទុប៉ុណ្ណោះ ពោលគឺឈរពីក្រោមក្រុមកំពូលតារាង Arsenal ដល់ទៅ ២៥ពិន្ទុ ក្នុងនាមជាក្រុមការពារជើងឯក។ ទោះបីជាបានចំណាយប្រាក់ច្រើនជាង ៦០៥លានដុល្លារ ក្នុងការទិញកីឡាករថ្មីៗចូលមកពង្រឹងក្រុមកាលពីឆ្នាំ ២០២៥ ក៏ដោយ ប៉ុន្តែក្រុមរហស្សនាមហង្សក្រហមមួយនេះ បែរជាត្រូវបិទរដូវកាលដោយគ្មានពានរង្វាន់អ្វីមួយនៅក្នុងដៃទាល់តែសោះ។
កាលពីរដូវកាលមុន ដែលជាការចូលមកដឹកនាំក្រុមដំបូងរបស់លោក Slot គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះបានត្រួសត្រាយផ្លូវយ៉ាងជោគជ័យក្នុងការជួយឱ្យ Liverpool គ្រងជើងឯក Premier League ជាលើកទី២០ ក្នុងប្រវត្តិសាស្ត្រ។ នៅពេលនោះ បុរសវ័យ ៤៧ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញថាជាអ្នកជំនួសតំណែងលោក Jurgen Klopp ដ៏ស័ក្តិសមបំផុតមួយ មិនតែប៉ុណ្ណោះកាលនោះអ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់រូបនេះក៏បានប្រកាសលាលែងពីតំណែងផងដែរ។
ទោះជាយ៉ាងណាក៏ដោយ រដូវកាលនេះបានប្រែក្លាយជារដូវកាលដ៏អាក្រក់បំផុតមួយសម្រាប់ Liverpool ហើយពួកគេបានធ្លាក់ទម្រង់លេងយ៉ាងខ្លាំងរហូតមិនអាចទទួលយកបាន។ អ្នកគាំទ្ររបស់ក្រុមវិញ ក៏បាននាំគ្នារិះគន់យ៉ាងចាស់ដៃទៅលើការដឹកនាំរបស់លោក Slot ហើយបានប្រែប្រួលពីការស្រឡាញ់ចូលចិត្ត ទៅជាការមិនពេញចិត្តវិញ។
Liverpool បានចាញ់ការប្រកួតរហូតដល់ទៅ ១៩លើក នៅទូទាំងការប្រកួត និងពានរង្វាន់ទាំងអស់នៅក្នុងរដូវកាលនេះ ដែលវាមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីរដូវកាលមុន ដែលពួកគេធ្វើបានល្អខ្លាំង និងជាក្រុមដែលមិនអាចមើលស្រាលបានទាល់តែសោះ។
ក្រោយពីបានមើលឃើញពីការវិវឌ្ឍរបស់ក្រុមដែលដើរថយក្រោយ និងធ្លាក់ទម្រង់លេងយ៉ាងខ្លាំងបែបនេះ ម្ចាស់ក្លិបដែលជាក្រុមហ៊ុនវិនិយោគអាម៉េរិក Fenway Sports Group បានសម្រេចចិត្តបណ្តេញបុរសវ័យ ៤៧ឆ្នាំរូបនេះចេញពីតំណែង ដើម្បីដោះស្រាយ និងកាត់បន្ថយសម្ពាធពីសំណាក់អ្នកគាំទ្រ។
បើតាមសេចក្តីប្រកាសរបស់ក្លិបភ្លាមៗបន្ទាប់ពីការបណ្តេញលោក Slot ក្លិបម្ចាស់ជើងឯកលីគកំពូលអង់គ្លេស ២០សម័យរូបនេះ បានអះអាងថា ពួកគេចង់បានទិសដៅថ្មីមួយក្នុងការកសាងកម្រិតប្រកួតប្រជែងដ៏ខ្លាំងក្លារបស់ក្រុមឡើងវិញ។ ក្លិប Liverpool ក៏បានប្រកាសផងដែរថា ខ្លួនកំពុងស្វែងរកអ្នកចូលមកកាន់តំណែងជាអ្នកចាត់ការទូទៅក្រុមថ្មីនៅពេលនេះ។
លោក Andoni Iraola ដែលបានដឹកនាំក្រុម AFC Bournemouth ទទួលបានកៅអីចូលរួមប្រកួតក្នុងពានរង្វាន់ Europa League ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រក្លិប ត្រូវបានគេដឹងថាកំពុងតែក្លាយជាគោលដៅធំបំផុត ដែល Liverpool ចង់យកមកដឹកនាំក្រុមបន្តនៅរដូវកាលខាងមុខ។ លោក Iraola ដដែលនេះ នៅក្នុងការប្រកួត ១៨លើកចុងក្រោយនៅក្លិប Bournemouth បានជួយឱ្យក្រុមរក្សាកំណត់ត្រាប្រកួតមិនដែលចាញ់ឡើយ ហើយមានគម្លាតពិន្ទុឈរពីក្រោម Liverpool ត្រឹមតែ ៣ពិន្ទុប៉ុណ្ណោះ។