ក្រុមកូរ៉េខាងជើង Naegohyang ឡើងផ្តាច់ព្រ័ត្រ Women’s ACL ក្រោយផ្តួលក្រុម Suwon កូរ៉េខាងត្បូង
អត្ថបទសរសេរដោយ Danny • 2 views
Naegohyang FC បានបង្កើតប្រវត្តិសាស្ត្រថ្មី ដោយក្លាយជាក្រុមកូរ៉េខាងជើងដំបូងគេក្នុងរយៈពេល ៨ ឆ្នាំ ដែលបានធ្វើដំណើរទៅប្រកួតលើទឹកដីកូរ៉េខាងត្បូង និងឈានទៅវគ្គផ្តាច់ព្រ័ត្រ AFC Women’s Champions League បន្ទាប់ពីយកឈ្នះ Suwon FC Women លទ្ធផល ២-១។
ការប្រកួតនៅទីក្រុង Suwon នៅរាត្រីថ្ងៃទី ២០ ឧសភា បានឃើញ Naegohyang FC ត្រូវរងគ្រាប់បាល់នាំមុខមុន ប៉ុន្តែក្រោយមកពួកគេបានវាយបកយកឈ្នះវិញយ៉ាងអស្ចារ្យ ដើម្បីបញ្ចប់ប្រកួតជាមួយជ័យជម្នះសំខាន់។
ក្រុមម្ចាស់ផ្ទះ Suwon FC Women ក៏ជួបសំណាងមិនល្អ ដោយកីឡាការិនី Ji So-yun អតីតកីឡាការិនី Chelsea បានខកខានបាល់ពិន័យ ១១ ម៉ែត្រ ដែលធ្វើឲ្យឱកាសតាមស្មើបាត់បង់។
បន្ទាប់ពីបញ្ចប់ការប្រកួត Naegohyang FC បានអបអរជ័យជម្នះយ៉ាងសប្បាយរីករាយនៅលើទីលាន ខណៈកីឡាការិនីកូរ៉េខាងត្បូងមួយចំនួនបង្ហាញអារម្មណ៍ខកចិត្ត និងស្រក់ទឹកភ្នែក។
ការប្រកួតនេះមានអត្ថន័យពិសេស ព្រោះជាជំនួបរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ដែលទាក់ទាញអ្នកទស្សនាប្រមាណ ៧,០៨៧ នាក់ពេញកីឡដ្ឋាននៅ Suwon។
ក្រោយជ័យជម្នះនេះ Naegohyang FC នឹងបន្តត្រៀមខ្លួនសម្រាប់វគ្គផ្តាច់ព្រ័ត្រ AFC Women’s Champions League ទល់នឹង Tokyo Verdy Beleza នៅថ្ងៃទី ២៣ ឧសភា នៅទីក្រុង Suwon ដដែល។