Neymar Jr បង្ហាញអាវក្រុមជម្រើសជាតិ ប្រេស៊ីល ដែលទទួលបានពីកូនប្រុសរបស់ David Beckham
អត្ថបទសរសេរដោយ Danny • 4 views
ខ្សែប្រយុទ្ធជម្រើសជាតិ ប្រេស៊ីល គឺ Neymar Jr បានបញ្ជាក់ជាថ្មីថា គាត់នៅតែមានក្តីស្រមៃចង់លេងក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 ខណៈកំពុងរង់ចាំការប្រកាសបញ្ជីកីឡាករពីគ្រូបង្វឹក Carlo Ancelotti។
ក្រោយការប្រកួតដែល Santos ចាញ់ Coritiba 3-0 នៅលីគ Brazil Serie A កាលពីថ្ងៃអាទិត្យ Neymar បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាមួយអាវពណ៌លឿងបៃតង ដែលមនុស្សជាច្រើនគិតថា ជាសារមួយចង់បង្ហាញថាគាត់ត្រៀមខ្លួនសម្រាប់ក្រុមជម្រើសជាតិ ប្រេស៊ីល។
យ៉ាងណាមិញ ខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំ រូបនេះ បានបញ្ជាក់ថា អាវនោះគឺជាកាដូពី Romeo Beckham កូនប្រុសរបស់អតីតតារាបាល់ទាត់ជម្រើសជាតិ អង់គ្លេស លោក David Beckham។
Neymar បាននិយាយថា៖ “អាវនេះគឺជាកាដូពីមិត្តរបស់ខ្ញុំ គឺ Romeo Beckham។ គាត់បានសរសេរអ្វីមួយអំពី Olympics នៅលើអាវនេះ ហើយខ្ញុំក៏ប្រាប់គាត់ថា ខ្ញុំនឹងពាក់វា។ វាមិនមែនជាសារអ្វីទៅកាន់ក្រុមជម្រើសជាតិទេ។”
ទោះបីជាយ៉ាងណា Neymar បានទទួលស្គាល់ថា ក្តីស្រមៃក្នុងការលេង World Cup 2026 នៅតែជាគោលដៅធំបំផុតរបស់គាត់។
គាត់បាននិយាយថា៖ “ច្បាស់ណាស់ នេះគឺជាក្តីស្រមៃរបស់ខ្ញុំ។ ខ្ញុំតែងតែនិយាយបែបនេះជានិច្ច។ ខ្ញុំបានខិតខំប្រឹងប្រែងដើម្បីឱ្យបានទៅលេង World Cup ម្តងទៀត។”
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Neymar បានជួបបញ្ហារបួសជាច្រើន និងទទួលរងការរិះគន់អំពីស្ថានភាពរាងកាយរបស់គាត់ ប៉ុន្តែគាត់បញ្ជាក់ថា ខ្លួនកំពុងតែវិលត្រឡប់មករកទម្រង់លេងល្អវិញបន្តិចម្តងៗ។
គាត់បានបន្ថែមថា៖ “ផ្នែករាងកាយ ខ្ញុំមានអារម្មណ៍ល្អខ្លាំង។ ខ្ញុំកំពុងតែប្រសើរឡើងរាល់ការប្រកួត។ វាមិនមែនជារឿងងាយស្រួលទេ។ មានមនុស្សជាច្រើននិយាយមិនពិតអំពីខ្ញុំ និងស្ថានភាពរបស់ខ្ញុំ ប៉ុន្តែខ្ញុំបានខិតខំធ្វើការយ៉ាងស្ងៀមស្ងាត់នៅផ្ទះ ដើម្បីត្រឡប់មកវិញ។”
បច្ចុប្បន្ន អ្នកគាំទ្របាល់ទាត់ជាច្រើននៅ ប្រេស៊ីល កំពុងរង់ចាំមើលថា តើ Neymar Jr នឹងមានឈ្មោះក្នុងបញ្ជីកីឡាករសម្រាប់ World Cup 2026 ដែរឬទេ។