Pep Guardiola បញ្ជាក់ថា Erling Haaland នឹងស៊ុតបញ្ចូលទីនៅវគ្គផ្តាច់ព្រ័ត្រ FA Cup ទល់នឹង Chelsea នៅកីឡដ្ឋាន Wembley
អត្ថបទសរសេរដោយ Danny • 4 views
គ្រូបង្វឹកក្លិប Manchester City លោក Pep Guardiola បានបង្ហាញការជឿជាក់យ៉ាងខ្លាំងថា ខ្សែប្រយុទ្ធ Erling Haaland នឹងបំបែកភាពមិនទាន់រកគ្រាប់បាល់បាននៅកីឡដ្ឋាន Wembley ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup នៅថ្ងៃសៅរ៍ខាងមុខ ទល់នឹងក្រុម Chelsea។
ទោះបីជា Haaland រកបានសរុប 161 គ្រាប់ សម្រាប់ក្លិប Manchester City ក៏ដោយ គាត់នៅតែមានស្ថិតិមិនគួរឱ្យជឿ ដោយមិនទាន់ស៊ុតបញ្ចូលទីក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រចំនួន 15 ប្រកួតនៅកីឡដ្ឋាន Wembley ដែលស្មើនឹង 601 នាទី លើទីលាន។
ក្លិប Manchester City កំពុងចូលប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup លើកទី 4 ជាប់ៗគ្នា បន្ទាប់ពីធ្លាប់ចាញ់ Manchester United និង Crystal Palace ក្នុងពីររដូវកាលមុន។
ក្នុងសន្និសីទកាសែតមុនការប្រកួត លោក Guardiola បាននិយាយដោយភាពកំប្លែងថា៖ “ល្អណាស់ ខ្ញុំចូលចិត្តសំណួរបែបនេះ។ ថ្ងៃស្អែកគាត់នឹងស៊ុតបាន។”
ក្រុម Manchester City កំពុងដេញរកពាន domestic double បន្ទាប់ពីឈ្នះពាន Carabao Cup លើ Arsenal 2-0 កាលពីខែមីនា ខណៈក្រុម Chelsea កំពុងមានទម្រង់មិនសូវល្អ និងប្រឈមមុខនឹងការបាត់ឱកាសទៅលេងពានអឺរ៉ុប។
ក្រុមរបស់ Guardiola ក៏មានស្ថិតិល្អលើ Chelsea ដោយមិនចាញ់ក្នុង 13 ប្រកួត ចុងក្រោយនៅគ្រប់ពានទាំងអស់ ចាប់តាំងពីវគ្គផ្តាច់ព្រ័ត្រ Champions League 2021។