Real Madrid កំពុងបោះជំហានធំក្នុងទីផ្សារដោះដូរ ដោយជិតនាំយកខ្សែការពារ ២ រូបមករួមក្រុម
អត្ថបទសរសេរដោយ Danny • 7 views
ក្លិបយក្សអេស្ប៉ាញ Real Madrid កំពុងខិតជិតការប្រកាសពីការចុះហត្ថលេខាដ៏គួរឱ្យផ្អើលពីររូប ខណៈពួកគេកំពុងរៀបចំរចនាសម្ព័ន្ធក្រុមសម្រាប់រដូវកាលថ្មី បើទោះបីជាការបោះឆ្នោតជ្រើសរើសប្រធានក្លិបថ្មីនៅមិនទាន់បញ្ចប់ជាផ្លូវការក៏ដោយ។
យោងតាមសារព័ត៌មាន AS ខ្សែការពារ Ibrahima Konaté ជិតផ្ទេរមកកាន់ទឹកដី Santiago Bernabéu ដោយគ្មានតម្លៃខ្លួន (Free Transfer) បន្ទាប់ពីកិច្ចសន្យារបស់គេជាមួយ Liverpool ផុតកំណត់។ របាយការណ៍បានអះអាងថា ប្រធានក្លិបលោក Florentino Pérez បានឈានដល់កិច្ចព្រមព្រៀងលើកុងត្រារយៈពេល ៤ ឆ្នាំជាមួយខ្សែការពារសញ្ជាតិបារាំងរូបនេះរួចរាល់ហើយ ប៉ុន្តែការផ្ទេរនេះត្រូវរង់ចាំលទ្ធផលការបោះឆ្នោតជ្រើសរើសប្រធានក្លិបនៅថ្ងៃទី ៧ ខែមិថុនាជាមុនសិន ដែលលោក Pérez ត្រូវប្រកួតប្រជែងជាមួយលោក Enrique Riquelme។
ទន្ទឹមនឹងនេះ អ្នកជំនាញព័ត៌មានទីផ្សារដោះដូរកីឡាករលោក Fabrizio Romano ក៏បានរាយការណ៍ដែរថា ខ្សែការពារស្លាបស្តាំសញ្ជាតិហូឡង់ Denzel Dumfries ក៏ជិតក្លាយជាសមាជិកថ្មីរបស់ក្លិបផងដែរ បន្ទាប់ពី Real Madrid សម្រេចចិត្តបង់ប្រាក់តាមលក្ខខណ្ឌផ្តាច់កុងត្រាតម្លៃ ២០ លានអឺរ៉ូ ទៅឱ្យ Inter Milan។ Dumfries បង្ហាញទម្រង់លេងយ៉ាងអស្ចារ្យក្នុងរដូវកាល ២០២៤-២៥ ដោយរកបាន ១១ គ្រាប់ និង ៦ assists ក្នុងការបង្ហាញខ្លួន ៤៧ ប្រកួត ថែមទាំងមានចំណែកសំខាន់ជួយ Inter ឡើងដល់វគ្គផ្តាច់ព្រ័ត្រ Champions League ទៀតផង។ ប្រសិនបើការផ្ទេរនេះជោគជ័យ Dumfries នឹងត្រូវមកប្រជែងតំណែងខ្សែការពារស្តាំជាមួយ Trent Alexander-Arnold បន្ទាប់ពីការចាកចេញរបស់វីរបុរសក្លិប Dani Carvajal ខណៈដែល Trent ខ្លួនឯងទើបតែជួបខកចិត្តដោយសាររបួសសាច់ដុំញាំញី និងមិនមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិអង់គ្លេសរបស់លោក Thomas Tuchel សម្រាប់ត្រៀមប្រកួត World Cup 2026 ឡើយ។