Real Madrid បញ្ជាក់ការចាកចេញរបស់ David Alaba ជាផ្លូវការ ខណៈក្លិបធំៗជាច្រើនកំពុងតាមដានស្ថានភាពរបស់គាត់
អត្ថបទសរសេរដោយ Danny • 5 views
ខ្សែការពារសញ្ជាតិអូទ្រីស David Alaba ត្រូវបានរាយការណ៍ថា នឹងចាកចេញពី Real Madrid នៅចុងបញ្ចប់រដូវកាលនេះ បន្ទាប់ពីចំណាយពេល ៥ ឆ្នាំជាមួយក្លិបយក្សអេស្ប៉ាញមួយនេះ។
Real Madrid បានបញ្ជាក់ជាផ្លូវការកាលពីថ្ងៃសុក្រ ថា ពួកគេនឹងមិនបន្តកុងត្រាថ្មីជាមួយខ្សែការពារវ័យ ៣៣ ឆ្នាំរូបនេះឡើយ ខណៈកុងត្រាបច្ចុប្បន្នរបស់គាត់កំពុងឈានដល់ទីបញ្ចប់។ ទោះជាយ៉ាងណា គោលដៅបន្ទាប់របស់ Alaba នៅមិនទាន់ត្រូវបានកំណត់ច្បាស់នៅឡើយទេ។
យោងតាមសារព័ត៌មាន ESPN បានឱ្យដឹងថា Manchester United កំពុងបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើ Alaba ខណៈ AC Milan ក៏កំពុងពិចារណាលើការផ្ទេររូបគេផងដែរ។
អ្នកជំនាញផ្នែកទីផ្សារដោះដូរកីឡាករ Fabrizio Romano ក៏បានបន្ថែមថា មានក្លិបជាច្រើននៅសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត កំពុងតាមដានស្ថានភាពរបស់ខ្សែការពាររូបនេះយ៉ាងជិតស្និទ្ធ។
Alaba បានផ្លាស់ពី FC Bayern Munich មកកាន់ Real Madrid ក្នុងឆ្នាំ 2021 ហើយបានជួយក្រុមឈ្នះពាន UEFA Champions League និង La Liga ចំនួន ២ លើកដូចគ្នា រួមជាមួយពានរង្វាន់ជាច្រើនផ្សេងទៀត។
ទោះជាយ៉ាងណា អាជីពរបស់គាត់នៅទីក្រុងម៉ាឌ្រីដ ត្រូវបានរំខានជាញឹកញាប់ដោយបញ្ហារបួសធ្ងន់ធ្ងរ។ នៅចុងឆ្នាំ 2023 គាត់បានរងរបួសដាច់សរសៃជង្គង់ ដែលធ្វើឱ្យគាត់អវត្តមានជាងមួយឆ្នាំ ខណៈរបួស meniscus បន្ទាប់មកទៀត ក៏បានធ្វើឱ្យគាត់ខកខានការប្រកួតជាច្រើននៅរដូវក្តៅឆ្នាំ 2025 ផងដែរ។
ជាលទ្ធផល Alaba បានបង្ហាញខ្លួនត្រឹមតែ ១៥ ប្រកួតប៉ុណ្ណោះសម្រាប់ Real Madrid ក្នុងរដូវកាលនេះ។
ក្នុងសេចក្តីថ្លែងការណ៍ផ្លូវការ Real Madrid បានបង្ហាញ “ការដឹងគុណ និងក្តីស្រឡាញ់” ចំពោះកីឡាករដែលជាផ្នែកមួយនៃក្រុមដ៏ជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។
ប្រធានក្លិប Florentino Perez ក៏បាននិយាយផងដែរថា៖ “Real Madrid នឹងតែងតែជាផ្ទះរបស់គាត់ជានិច្ច។”
ក្លិបគ្រោងរៀបចំពិធីលាគ្នាពិសេសមួយសម្រាប់ David Alaba នៅកីឡដ្ឋាន Santiago Bernabeu មុនការប្រកួតក្នុងដីចុងក្រោយទល់នឹង Athletic Bilbao នៅថ្ងៃសៅរ៍នេះ។
បន្ទាប់ពីនោះ ខ្សែការពារវ័យ ៣៣ ឆ្នាំរូបនេះ នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ដើម្បីដឹកនាំក្រុមជម្រើសជាតិអូទ្រីសក្នុងព្រឹត្តិការណ៍ World Cup 2026 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ខែមិថុនា ដល់ថ្ងៃទី ១៩ ខែកក្កដា។
