តើ Tottenham Hotspur អាចធ្វើដំណើរពីការតស៊ូគេចពីកាត់ចោលទៅកាន់ Top Four ដូច Manchester United បានដែរឬទេ?
អត្ថបទសរសេរដោយ Danny • 6 views
ក្លិប Tottenham Hotspur កំពុងធ្លាក់ចូលទៅក្នុងស្ថានភាពប្រជែងគេចពីការកាត់ចោលម្តងទៀត ប៉ុន្តែសំណួរដ៏ធំមួយកំពុងត្រូវបានលើកឡើងថា តើពួកគេអាចធ្វើដូច Manchester United ដោយផ្លាស់ប្តូរពីក្រុមជិតធ្លាក់ទៅកាន់ការប្រជែង Top Four នៅរដូវកាលក្រោយបានដែរឬទេ។
អតីតខ្សែការពារ Spurs លោក Alan Hutton បានប្រាប់ទៅកាន់ GOAL ថា គាត់មិនជឿថា ក្រុមនៅភាគខាងជើងទីក្រុងឡុងដ៍ អាចធ្វើការប្រែប្រួលដ៏ធំបែបនោះបានឡើយ លុះត្រាតែពួកគេចំណាយ “ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់” ដើម្បីកែប្រែស្ថានភាពបច្ចុប្បន្ន។
ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ ទីផ្សារដោះដូរកីឡាករ Tottenham បានចំណាយប្រាក់យ៉ាងច្រើន ប៉ុន្តែការវិនិយោគទាំងនោះមិនទទួលបានលទ្ធផលដូចការរំពឹងទុកឡើយ។ កីឡាករជាច្រើនក្នុងក្រុម មានបញ្ហាទាំងទម្រង់លេង និងរបួស ដែលធ្វើឱ្យពួកគេធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងតារាង Premier League។
ទោះបីជា Ange Postecoglou បានជួយក្លិបឈ្នះពាន Europa League ក្នុងឆ្នាំ 2025 និងបញ្ចប់ការរង់ចាំពានរយៈពេល ១៧ ឆ្នាំក៏ដោយ ជោគជ័យនោះត្រូវបានគេចាត់ទុកថា គ្រាន់តែជាការលាក់បាំងបញ្ហាជាច្រើនដែលកំពុងកើតមាននៅក្នុងក្រុមប៉ុណ្ណោះ។
បន្ទាប់ពីបញ្ចប់នៅចំណាត់ថ្នាក់ទី ១៧ កាលពីរដូវកាលមុន ពេលនេះ Tottenham នៅតែមានហានិភ័យធ្លាក់ទៅលេងនៅ Championship ប្រសិនបើពួកគេមិនអាចទទួលបានលទ្ធផលល្អក្នុងការប្រកួតចុងក្រោយទល់នឹង Everton។
ប្រសិនបើ Roberto De Zerbi អាចជួយក្រុមគេចផុតពីការកាត់ចោលបាន នោះផែនការកសាងក្រុមសម្រាប់អនាគត អាចនឹងចាប់ផ្តើមឡើងវិញ។ ជាពិសេស ខណៈ Manchester United បានបង្ហាញរួចហើយថា ក្រុមមួយអាចប្រែប្រួលពីលេខ ១៥ ទៅលេខ ៣ ក្នុងរយៈពេលត្រឹមមួយឆ្នាំក្រោមការដឹកនាំរបស់ Michael Carrick។
នៅពេលត្រូវបានសួរថា តើ Tottenham អាចធ្វើការត្រឡប់មកវិញដ៏អស្ចារ្យនៅរដូវកាល 2026-27 បានដែរឬទេ លោក Alan Hutton បានឆ្លើយថា៖
“តាមអ្វីដែលខ្ញុំបានឃើញក្នុងរដូវកាលនេះ ខ្ញុំមិនគិតថាពួកគេអាចធ្វើបានទេ។”
គាត់បន្ថែមថា៖ “ខ្ញុំប្រហែលជាធ្លាប់និយាយបែបនេះអំពី Manchester United ដែរ ប៉ុន្តែពួកគេហាក់ដូចជាបានរួបរួមគ្នាយ៉ាងល្អក្រោមការដឹកនាំរបស់ Michael Carrick។”
Hutton ក៏បាននិយាយថា រដូវក្តៅខាងមុខនឹងក្លាយជាពេលវេលាដ៏សំខាន់សម្រាប់ Spurs ខណៈបញ្ហារបួស និងទម្រង់លេងមិនល្អ បានធ្វើឱ្យពួកគេជួបបញ្ហាយ៉ាងខ្លាំង ជាពិសេសនៅការប្រកួតក្នុងដី។
ក្រោយបែកផ្លូវជាមួយ Postecoglou ក្លិបបានផ្លាស់ប្តូរគ្រូបង្វឹករហូតដល់ ៣ នាក់រួចមកហើយ រួមមាន Thomas Frank, Igor Tudor និង Roberto De Zerbi ប៉ុន្តែការផ្លាស់ប្តូរនៅលើទីលាននៅតែត្រូវការជាចាំបាច់ ប្រសិនបើពួកគេចង់ក្លាយជាក្រុមប្រជែងពានពិតប្រាកដម្តងទៀត។
លោក Hutton ក៏បានរិះគន់ការចំណាយប្រាក់របស់ក្លិបផងដែរ ដោយនិយាយថា៖
“ពួកគេត្រូវការប្រាក់យ៉ាងច្រើន ពិតជាច្រើនខ្លាំងណាស់។ បញ្ហានេះគឺជាចំណុចខ្សោយរបស់ក្លិបអស់រយៈពេលជាច្រើនឆ្នាំមកហើយ ព្រោះពួកគេចំណាយប្រាក់ច្រើន ប៉ុន្តែមិនបានជ្រើសរើសកីឡាករត្រឹមត្រូវឡើយ។”
គាត់បន្តថា៖ “ពួកគេចំណាយ ៥០ ទៅ ៦០ លានផោនលើកីឡាករដែលមិនអាចបង្ហាញសមត្ថភាពបានល្អ ឬមិនអាចសម្របខ្លួនបានលឿន។ វាបានប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមក្នុងរដូវកាលនេះ។”
“បញ្ហារបួសក៏ជាផ្នែកមួយដែរ ប៉ុន្តែបើមើលទៅលើក្រុមទាំងមូល ពួកគេមិនអាចបង្ហាញទម្រង់លេងល្អបានឡើយ។ ខ្ញុំមិនដឹងថា វាជាបញ្ហាសម្ពាធ ឬបញ្ហាផ្លូវចិត្តទេ ប៉ុន្តែនេះគឺជារដូវកាលទី ២ ជាប់គ្នាហើយ ដែលពួកគេបញ្ចប់ដោយការខកចិត្ត ខណៈអ្នកគាំទ្រចង់បានច្រើនជាងនេះ។”