Vinicius Junior បានប្រឈមមុខពាក្យប្រកែកក្តៅគគុកជាមួយកីឡាករ Espanyol ហើយនិយាយចំៗថា «អ្នកល្ងង់» និង «ក្រុមអ្នកនឹងត្រូវធ្លាក់ទៅលីគទី២»
អត្ថបទសរសេរដោយ Danny • 6 views
កីឡាករ Vinicius Junior របស់ Real Madrid ត្រូវបានឃើញមានការប៉ះទង្គិចពាក្យសម្តីយ៉ាងក្តៅគគុកជាមួយខ្សែការពារ Espanyol គឺ Omar El Hilali ក្នុងការប្រកួតដែលក្រុមអធិរាជសឈ្នះ 2-0 នៅលើទឹកដី RCDE Stadium។ វីដេអូដែលត្រូវបានផ្សព្វផ្សាយបង្ហាញថា ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ បានជជែកប្រកែកមិនឈប់ឈរ ជាមួយគូប្រកួតរបស់គាត់ ហើយថែមទាំងនិយាយចំៗថា «អ្នកល្ងង់» ផងដែរ។
ការប្រកួតដែលគួរតែជាជ័យជម្នះធម្មតា សម្រាប់ Real Madrid ត្រូវបានគ្របដណ្តប់ដោយភាពតានតឹងលើទីលាន។ បញ្ហាបានចាប់ផ្តើមពីដំបូង នៅពេលដែល Vinicius មិនពេញចិត្តនឹងរបៀបការពារ និងការប៉ះទង្គិចញឹកញាប់របស់ El Hilali ជាពិសេសនៅពេលបាល់ឈប់ ដែលមានការចាប់ទាញ និងប៉ះទង្គិចគ្នាខ្លាំង។កាមេរ៉ាពី Movistar Plus+ Deportes ក៏បានចាប់យកឃើញការប្រកែកពាក្យសម្ដីគ្នារបស់កីឡាករទាំងពីរ ពេញមួយការប្រកួត។
ស្ថានការណ៍បានកាន់តែក្តៅឡើង នៅពេលដែល El Hilali ត្រូវបានផ្តល់កាតក្រហមដំបូង សម្រាប់ការប៉ះទង្គិចលើ Vinicius ប៉ុន្តែក្រោយពិនិត្យតាម VAR អាជ្ញាកណ្តាលបានកែសម្រួលទៅជាកាតលឿងវិញ ដែលធ្វើឲ្យកីឡាករ Real Madrid មានការមិនពេញចិត្តយ៉ាងខ្លាំង។
ក្នុងពេលប្រកែកគ្នា Vinicius ត្រូវបានរាយការណ៍និយាយទៅកាន់ El Hilali ថា៖ «ឈប់ធ្វើអ្វីអត់ប្រយោជន៍ហ្នឹងទៅ បន្ទាប់មកអ្នកសុំប្តូរអាវជាមួយខ្ញុំ?… អ្នកល្ងង់ អ្នកចង់វាយគ្នា… ខ្ញុំមិនប្តូរអាវជាមួយអ្នកទេ អ្នកល្ងង់ណាស់»។ ខណៈ El Hilali ក៏ឆ្លើយតបវិញដោយពាក្យស្រដៀងគ្នា។
បរិយាកាសនៅក្នុង RCDE Stadium កាន់តែក្តៅឡើង នៅពេលអ្នកគាំទ្រក្រុមម្ចាស់ផ្ទះស្រែក «Vinicius, beach ball!» ដើម្បីចំអកលើក្តីសង្ឃឹមរបស់គាត់សម្រាប់ពាន Ballon d’Or។
ជាការឆ្លើយតប Vinicius ក៏បានបោះពាក្យចំៗទៅលើស្ថានភាពក្រុមគូប្រកួតថា៖ «អ្នកនឹងត្រូវធ្លាក់ទៅលីគទី២ហើយ» ដែលធ្វើឲ្យការប្រកែកពាក្យនេះកាន់តែខ្លាំងឡើង។