Vitinha បង្ហាញពីឥទ្ធិពលដ៏ខ្លាំងរបស់ Cristiano Ronaldo នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ជម្រើសជាតិ ព័រទុយហ្គាល់ មុនព្រឹត្តិការណ៍ FIFA World Cup ២០២៦
អត្ថបទសរសេរដោយ Danny • 4 views
ខ្សែបម្រើ Vitinha បានបង្ហាញពីឥទ្ធិពលដ៏ធំរបស់ប្រធានក្រុម Cristiano Ronaldo ក្នុងក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ខណៈក្រុមកំពុងត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ ពានរង្វាន់បាល់ទាត់ពិភពលោក (World Cup) ឆ្នាំ ២០២៦។
Ronaldo ដែលបច្ចុប្បន្នលេងឱ្យក្លិប Al Nassr (អាល់ណាស្ស័រ) នៅប្រទេស អារ៉ាប៊ីសាអូឌីត នៅតែជាកីឡាករសំខាន់បំផុតរបស់ជម្រើសជាតិ ទោះបីកំពុងឈានទៅដល់ចុងអាជីពក៏ដោយ។
Vitinha បាននិយាយទៅកាន់ FIFA ថា ក្រុមទាំងមូលមានការលើកទឹកចិត្តយ៉ាងខ្លាំង ដើម្បីឈ្នះពានធំបំផុតដែល Ronaldo មិនទាន់ទទួលបាន គឺ ពាន World Cup។
គាត់បាននិយាយថា៖ “គាត់ (Ronaldo) គឺជាកីឡាករល្អបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រ។ ខ្ញុំមានមោទនភាពណាស់ដែលបានលេងជាមួយគាត់ រៀនពីគាត់ និងឃើញភាពជាអ្នកដឹកនាំរបស់គាត់រាល់ថ្ងៃ។ ខ្ញុំសង្ឃឹមថា យើងអាចឈ្នះ World Cup ជាមួយគាត់ និងសម្រាប់គាត់ផងដែរ។”
Vitinha ក៏បានបន្ថែមអំពីស្មារតីការងាររបស់ Ronaldo ថា គាត់គឺជាកីឡាករដែលមានវិន័យខ្ពស់បំផុត និងតែងតែត្រៀមខ្លួន ១០០% មុនចូលលេង។
គាត់បន្តថា៖ “របៀបដែលគាត់លេងបាល់ទាត់ គឺមានវិជ្ជាជីវៈខ្លាំង និងយកចិត្តទុកដាក់ខ្លាំង។ គាត់មិនទុកអ្វីឲ្យមានចៃដន្យទេ។ គាត់ចូលទីលានដោយដឹងថា គាត់ត្រៀមខ្លួន ១០០% ហើយបានធ្វើអ្វីគ្រប់យ៉ាងសម្រាប់ក្រុមរួចហើយ។”
Vitinha ក៏បាននិយាយថា ក្រុម ព័រទុយហ្គាល់ មិនគិតឆ្ងាយពេកទេពីការឈ្នះពាន ប៉ុន្តែផ្តោតលើការប្រកួតម្តងមួយៗ។
គាត់បន្ថែមថា៖ “យើងគ្រាន់តែចង់ឈ្នះ។ យើងដឹងថាវានឹងពិបាក ប៉ុន្តែយើងក៏ដឹងថា មិនគួរគិតដល់វគ្គផ្តាច់ព្រ័ត្រឬការលើកពានឆាប់ពេកទេ។ យើងត្រូវទៅជំហានម្តងមួយៗ។ ពេលនេះត្រូវផ្តោតលើវគ្គចែកពូលជាមុនសិន។ បើធ្វើបានល្អ នោះយើងអាចគិតបន្តទៅមុខបាន។”